នារសៀលថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរៈសេនីយ៍ត្រី ហែន ភីណា វីរៈកងទ័ពឈរជើងនៅកងពលតូចលេខ៩ ក្នុងវីរសេនាតូចកងពលលេខ៣៩៤ ឈរជើងប្រចាំទិសមុំបី ខេត្តព្រះវិហារ ដែលបានធ្វើការពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ៥២ឆ្នាំ។
ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោកវរៈសេនីយ៍ត្រី ហែន ភីណា បានបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុច បូររិទ្ធ និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានចូលរួមថវិកាជាមួយគ្រួសារសពចំនួន៥លានរៀល។
សពរបស់លោកវរៈសេនីយ៍ត្រី ហែន ភីណា ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ប្រភព៖ នាយកដ្ឋានព័ត៌មាន